កងកម្លាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារដ៏សាហាវថ្មីមួយទៀតប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hezbollah ក្នុងប្រទេសលីបង់។ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃពុធថាពួកគេបានធ្វើការវាយប្រហារដ៏ច្បាស់លាស់មួយនៅកណ្តាលទីក្រុងបេរូត សំដៅបំផ្លាញក្រុមហេសបូទ្បា។
អ៊ីស្រាអែលក៏បានឲ្យដឹងដែរថា ខ្លួនកំពុងកំណត់គោលដៅលើអគារដែលប្រើជាមូលដ្ឋាននិងកន្លែងស្តុកអាវុធដោយក្រុមហេសបូឡា។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហេសបូឡា អះអាងថា វាជាមណ្ឌលសុខភាព ហើយជនរងគ្រោះ រួមមានក្រុមគ្រូពេទ្យ និងបុគ្គលិកសង្គ្រោះ និងអ្នកជំងឺប៉ុណ្ណោះ។ សមាជិកសភា Hezbollah លោក Amin Sherri បាននិយាយថា សត្រូវមួយនេះកំពុងបង្ហាញមុខមាត់ពិត មុខឧក្រិដ្ឋកម្មរបស់វាហើយ។
មន្ត្រីរដ្ឋាភិបាលលីបង់បាននិយាយថា អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសចំនួន 110 លើកក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ខណអ៊ីស្រាអែលក៏បាននិយាយដែរថា ក្រុមហេសបូឡាបានបាញ់មីស៊ីល ១២០ គ្រាប់ក្នុងថ្ងៃកន្លងទៅ ហើយការវាយប្រហារតាមអាកាសជាការឆ្លើយតបវិញ។
បុគ្គលិកផ្តល់ជំនួយ UN បាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបង្កើនចំនួនមនុស្សដែលត្រូវការទីជម្រកទ្វេដង។ អ្នកនាំពាក្យរបស់ UNHCR លីបង់ Lisa Abou Khaled បាននិយាយថា ទោះបីជាយើងកំពុងរៀបចំសម្រាប់សេណារីយ៉ូបែបនេះក៏ដោយ ធនធានដែលយើងមានគឺមិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការខាងជម្រកទាំងអស់ និងតម្រូវការផ្សេងៗទៀតដែលកំពុងតែកើនទ្បើងយ៉ាងឆាប់រហ័សនោះទេ។ មន្ត្រីលីបង់បាននិយាយថា ឥឡូវនេះមានជនភៀសខ្លួនប្រហែល 1.2 លាននាក់នៅទូទាំងប្រទេស ហើយមនុស្សជាង 1.900 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាកាលពីឆ្នាំមុន៕