លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះបានបង្ហាញពីគម្រោងវិនិយោគលើវិស័យអគ្គិសនី ចំនួន២៣គម្រោង ដែលមានតម្លៃរហូតដល់៥៧៩០លានដុល្លារអាមេរិក។ លោកបញ្ជាក់ថា គម្រោងខាងលើនេះ ត្រូវបានគណៈរដ្ឋមន្ដ្រីដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុម័តកាលពីថ្មីនេះ។
លោករដ្ឋមន្ត្រីបានបង្ហាញនូវគម្រោងខាងលើនេះ ក្នុងសន្នីសិទសារព័ត៌មានមួយដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាលើប្រធានបទ “គោលនយោបាយថាមពលកម្ពុជា” នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យ៉ាងណាក៏ដោយលោក កែវ រតនៈថ្លែងឲ្យដឹងថា គម្រោងវិនិយោគដែលគណៈរដ្ឋមន្ដ្រីទើបអនុម័តនេះ មានគម្រោងជាប្រវត្តិសាស្ដ្រមួយសម្រាប់ប្រទេសកម្ពុជា គឺការប្រើប្រាស់ថាមពលដើរដោយកម្លាំងខ្យល់។
លោកក៏បានឲ្យដឹងដែរថា គម្រោងទាំង២៣គម្រោងនេះ មានអានុភាពសរុបចំនួន ៣៩៥០មេហ្គាវ៉ាត់ ក្នុងនោះថាមពលស្អាតមានរហូតដល់ ២១គម្រោង រួមមាន ថាមពលពន្លឺព្រះអាទិត្យ ឈរលំដាប់លេខ១, ថាមពលវារីអគ្គិសនី ឈរលំដាប់លេខ២ និងថាមពលខ្យល់ ឈរលំដាប់លេខ៣៕