អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានបដិសេធមិនចូលរួមក្នុងការជជែកដេញដោលជុំមួយផ្សេងទៀតជាមួយគូប្រជែងគណបក្សប្រជាធិបតេយ្យរបស់លោក គឺអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។
លោក បានសរសេរនៅលើ Truth Social ថា វាយឺតពេលណាស់នៅក្នុងដំណើរការនេះ ការបោះឆ្នោតជិតចាប់ផ្តើមហើយ វានឹងមិនមានការប្រកួតដេញដោលអ្វីទៀតទេ ។
ទន្ទឹមនោះ លោក បានកត់សម្គាល់ថា លោក ទទួលយកការអញ្ជើញរបស់ Fox News ដើម្បីជជែកវែកញែកជាមួយលោកស្រី Kamala នៅថ្ងៃទី ៤ ខែកញ្ញា ប៉ុន្តែលោកស្រី បដិសេធ ។
ជាមួយគ្នានោះ លោក ក៏បានអួតពីការកើនឡើងពីប្រជាប្រិយភាពក្នុងចំណោមអ្នកនយោបាយដទៃទៀតផងដែរ សូម្បីតែនៅក្នុងគ្រប់រដ្ឋទាំងអស់ ដោយនិយាយថា លោក កំពុងនាំមុខក្នុងសន្លឹកឆ្នោតពីមួយថ្ងៃទៅមួយថ្ងៃ។
គួរបញ្ជាក់ថា នៅថ្ងៃទី ១០ ខែកញ្ញា ភ្នាក់ងារ ABC News បានរៀបចំការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូងរវាងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងអតីតប្រធានាធិបតីលោក Donald Trump នៅទីក្រុង Philadelphia រដ្ឋ Pennsylvania ។ ប៉ុន្មានថ្ងៃក្រោយមក លោក Trump បានបដិសេធសំណើរដើម្បីរៀបចំការជជែកដេញដោលជុំថ្មី ខណដែលលោកស្រី Harris បាននិយាយថា លោកស្រី ត្រៀមខ្លួនរួចជាស្រេចក្នុងការជជែកដេញដោលជុំណាមួយ ។ ការបោះឆ្នោតប្រធានាធិបតីអាមេរិកគ្រោងធ្វើនៅថ្ងៃទី ៥ ខែវិច្ឆិកា ៕