ខេត្តរតនគិរី៖ បេក្ខជនជាច្រើននាក់នៅតាមបណ្ដាស្រុកនានា ក្នុងខេត្តរតនគិរី អាណាព្យាបាលបានមកផ្ដល់កម្លាំងចិត្តដល់កូននិងបងប្អូនរបស់ខ្លួន ពេលកំពុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាក់ឌុប។
ជាក់ស្តែងនៅថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ គេសង្កេតឃើញនៅតាមមណ្ឌលប្រឡងទាំង៣ នៃខេត្តរតនគិរី មានបងប្អូន ក្រុមគ្រួសារ និងមាតា បិតា របស់បេក្ខជនប្រឡង ដែលខ្លះមកពីតាមបណ្ដាស្រុកនានាទូទាំងខេត្ត បានមកអង្គុយរងចាំកូនចៅរបស់ខ្លួនក្នុងពេលប្រឡង ក្នុងការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តពួកគាត់។
តាមរយៈនៃការសាកសួរដោយផ្ទាល់ដល់មាតា បិតា និងក្រុមគ្រួសាររបស់បេក្ខជន ពួកគាត់បានបញ្ជាក់ថា សម្រាប់ការប្រឡងនេះ គឺកូនៗរបស់គាត់ដាក់ក្តីសង្ឃឹមច្រើនថា ជាប់ ទោះបីលទ្ធផលនិទ្ទេសអ្វីក៏បានដែរ ដែលខ្លះថា សង្ឃឹមបាន៨០% អ្នកខ្លះថា ៥០% ហើយមាតា បិតាសិស្សខ្លះទៀត សង្ឃឹមរហូតដល់១០០% ព្រោះតែឃើញកូនរបស់គាត់ខិតខំរៀនសូត្របានច្រើន។
យ៉ាងណាក៏ពួកគាត់បានបង្ហាញនូវភាពសប្បាយរីករាយ ចំពោះការរៀបចំប្រឡងនេះបានដំណើរការទៅដោយភាពយុត្តិធម៌ តាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា អ្នកចេះគឺជាប់ មានន័យថា អ្នកជាប់គឺជាប់ដោយកិត្តិយស រីឯអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្ត។
ជាមួយគ្នានោះដែរ មាតា បិតាសិស្ស ដែលមកអង្គុយរងចាំនៅខាងក្រៅមណ្ឌលប្រឡង ក៏បានថ្លែងនូវអំណរគុណចំពោះក្រសួង ដែលបានធ្វើកំណែទម្រង់ ក្នុងវិស័យអប់រំ ដើម្បីឲ្យការអប់រំនេះមានគុណភាពពិតប្រាកដ ក្នុងការកសាងបាននូវមូលធនមនុស្សរបស់កម្ពុជាកាន់តែមានគុណភាព ជាការឆ្លើយតបតាមតម្រូវការទីផ្សារការងារទាំងនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី លោក ខាត់ សាម៉ាល់ បានបញ្ជាក់ថា ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមនីតិវិធី និងយន្តការបច្ចេកទេសការងារប្រឡង ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងមិនមានអ្វីកើតឡើងពីភាពអសកម្មនោះទេ គឺស្ថិតក្នុងបរិយាកាស សុវត្ថិភាពសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ គឺបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើង ដែលមានការរំខានដល់បេក្ខជន ក៏ដូចជាមណ្ឌលប្រឡងនោះទេ ខណៈកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មានកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី រួមជាមួយក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តនៅប្រចាំការ និងសម្រួលចរាចរណ៍នៅតាមទីតាំង គោលដៅមណ្ឌលប្រឡង ក៏ដូចជានៅតាមដងផ្លូវក្បែរៗ ទីតាំងមណ្ឌលប្រឡង។ ដើម្បីត្រៀមអន្តរាគមន៍ នៅពេលមានហេតុការណ៍ផ្សេងៗកើតឡើងជាយថាហេតុ និងត្រៀមចូលរួមក្នុងការដោះស្រាយបញ្ហាទាំងនោះ ឲ្យបានទាន់ពេលវេលា៕