អាមេរិក​ ព្រមាន​អ៊ីស្រាអែល​ កុំ​ឲ្យ​សាងរូបភាពដដែលនៅលីបង់

សម្ព័ន្ធមិត្តអន្តរជាតិដ៏សំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បានព្រមាន កាលពីថ្ងៃពុធ ប្រឆាំងនឹងសកម្មភាពយោធាដូចតំបន់ហ្គាហ្សានៅក្នុងប្រទេសលីបង់ បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu គំរាមការបំផ្លិចបំផ្លាញប្រទេសនេះឲ្យស្រដៀងនឹងទឹកដីប៉ាឡេស្ទីន។

ប៉ុន្តែប្រធានកងកម្លាំងប្រដាប់អាវុធលោក Herzi Halevi បានប្តេជ្ញាថានឹងបន្តការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល ទៅលើគោលដៅក្រុម Hezbollah ដែលសម្លាប់មនុស្សជាង ១,២០០ នាក់ រួចមកហើយចាប់តាំងពីខែកញ្ញាមក ។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីការហៅទូរស័ព្ទរវាងលោក Netanyahu និងប្រធានាធិបតីអាមេរិកលោក Joe Biden ជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍ ។

ទន្ទឹមនោះ សេតវិមាន បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទនេះ លោក Biden ប្រាប់លោក Netanyahu ឲ្យកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិលនៅក្នុងប្រទេសលីបង់ ជាពិសេសនៅក្នុងតំបន់ដែលមានប្រជាជនច្រើននៃទីក្រុង Beirut ។

ជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា មិនគួរមានប្រភេទសកម្មភាពយោធានៅក្នុងប្រទេសលីបង់ ដែលមើលទៅដូចហ្គាហ្សាទេ ហើយទុកលទ្ធផលដូចហ្គាហ្សា ។

គួរបញ្ជាក់ថា អ៊ីស្រាអែល បានចាប់ផ្ដើមការវាយលុកលើប្រទេសលីបង់ បន្ទាប់ពីមានការបាញ់ទៅបាញ់មកយ៉ាងក្ដៅគគុកនាពេលកន្លងមក៕

Related posts