គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris បានព្រមានចំពោះមុខហ្វូងអ្នកគាំទ្ររាប់ម៉ឺននាក់ ក្នុងការឃោសនាបោះឆ្នោត នៅទីក្រុងវ៉ាស៊ីនតោនថា គូប្រជែងគណបក្សសាធារណរដ្ឋគឺ លោក Donald Trump កំពុងស្វែងរកអំណាចដែលខុសច្បាប់ ខណដែលការប្រកួតប្រជែងដ៏តឹងតែងរវាងអ្នកនយោបាយទាំង ២ ឈានចូលដល់សប្តាហ៍ចុងក្រោយ ។
លោកស្រី Harris បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានមនុស្សប្រហែលជាង ៧៥,០០០ នាក់ ក្បែរសេតវិមាន ។
ទន្ទឹមនោះ លោកស្រី Harris ក៏បានលើកឡើងថា យើងដឹងថាលោក Donald Trump ជានរណា។ បន្ទាប់ពីការចាញ់ឆ្នោតឆ្នាំ ២០២០ លោក បានបញ្ជូនហ្វូងមនុស្សប្រដាប់អាវុធទៅកាន់ក្រុងវ៉ាស៊ីនតោន ដើម្បីព្យាយាមបង្កភាពចលាចលជុំវិញការចាកចេញពីតំណែង។
លោកស្រី Harris បានបញ្ជាក់ ក្នុងអំឡុងយុទ្ធនាការថា អំណះអំណាងចុងក្រោយរបស់លោកស្រី មុនពេលការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ដែលប្រកួតប្រជែងយ៉ាងតឹងរ៉ឹងថា លោក Trump គឺជាអ្នកដែលមិនស្មោះត្រង់ ឈ្លក់វង្វេងនឹងការសងសឹក និងកាន់តំណែងដោយខុសច្បាប់ ។
គួរបញ្ជាក់ថា យោងតាមភ្នាក់ងារ Election Hub នៃសាកលវិទ្យាល័យ Florida បានឲ្យដឹងថា ប្រជាជនអាមេរិកជាង ៥៣ លាននាក់ ចូលរួមបោះឆ្នោតរួចហើយ ៕