ក្រុមកម្មករ​ជួសជុល​ប្រាសាទបុរាណ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ បន្ទាប់ពី​បានបញ្ចប់​ការជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទតាព្រហ្មកិល​រួចរាល់​

​ប្រាសាទតាព្រហ្មកិល ដែលជា​អតីត​មន្ទីរពេទ្យ​បុរាណ​សម័យអង្គរ​ធ្លាប់តែ​រង​ការខូចខាត​ធ្ងន់ធ្ងរ​ជា​យូរ​មកហើយ​។ ប៉ុន្តែ​ពេលនេះ បាន​វិលត្រឡប់​មករក​ស្ថានភាព​រឹងមាំ និង​មាន​រូបរាង​ស្ទើរតែ​ពេញលេញ​ដូច​កាលពី​សម័យ​ដើម​ឡើងវិញ​ហើយ​។ ក្រុមកម្មករ​ជួសជុល​ប្រាសាទបុរាណ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ បន្ទាប់ពី​បានបញ្ចប់​ការជួសជុល​ប្រាង្គ​កណ្តាល ដែលជា​ហោរ​បន់ស្រន់​របស់​ប្រាសាទ​នេះ​រួចមក​។​

​រស់នៅ​ភូមិ​តា​ត្រៃ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដែល​បម្រើ​ការងារ​ជា​កម្មករ​ជួសជុល​នៅ​ប្រាសាទតាព្រហ្មកិល លោកតា សេង ស៊ន់ អាយុ​៦៩​ឆ្នាំ ឱ្យដឹងថា ស្ថានភាព​ប្រាសាទតាព្រហ្មកិល​កាលពី​មុនពេល​ជួសជុល មានការ​ធ្លាក់​រលុះ​ថ្ម ប្រាសាទ​មិនមាន​លំនឹង​ព្រមទាំង​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយមាន​ការ​ទល់​ទ្រ​ស្ទើរតែ​គ្រប់កន្លែង​។ លោកតា សេង ស៊ន់ បាន​ចូលរួម​ជួសជុល​ប្រាសាទតាព្រហ្មកិល​នេះ ដោយមាន​តួនាទី​ជា​អ្នក​ដាប់​ឆ្លាក់​ទាំង​ថ្មភក់ និង​ថ្មបាយក្រៀម​បានបង្ហាញ​ក្តីរំភើប​ថា រូបលោក​មិន​ខ្ចិ​ល​ឡើយ ចំពោះ​ការងារ​ជួសជុល​ប្រាសាទ​។ លោក​ចូលចិត្ត ដោយ​មិន​នឿយហត់ ហើយ​មួយថ្ងៃៗ​ចង់តែ​មក ចង់តែ​ឃើញ និង​នៅតែ​ចង់​ធ្វើ​ការងារ​ជួសជុល​ប្រាសាទបុរាណ​។ ប្រសិនបើ​លោក​នៅតែមាន​សុខភាព​ល្អ គឺ​លោក​នឹង​នៅតែ​មក​ចូលរួម​ធ្វើ​ការងារ​ជួសជុល​ប្រាសាទបុរាណ​បន្តទៀត​។​

​អ្នកភូមិ​វាល ឃុំ​គោកចក ក្រុង​សៀមរាប​លោកតា ឡៃ ឡ​ន អាយុ​៦០​ឆ្នាំ ជា​អ្នក​ដាប់​ឆ្លាក់​ថ្ម​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទតាព្រហ្មកិល​ម្នាក់ទៀត មានប្រសាសន៍ថា លោក​ពិតជា​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ជួសជុល​ប្រាសាទបុរាណ​របស់​ដូនតា​ខ្មែរ​។ លោក​យល់ថា ការជួសជុល​ឡើងវិញ​នេះ នឹង​ធ្វើឱ្យ​ប្រាសាទ​របស់​ដូនតា​ខ្មែរ មាន​សភាព​រឹងមាំ​បន្តទៀត ដើម្បី​បន្សល់​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ និង​ស្គាល់​យូរអង្វែង​។ ថ្វីត្បិតតែ​ការងារ​ជួសជុល​អភិរក្ស និង​ថែរក្សា​ប្រាសាទបុរាណ ឱ្យបាន​រឹងមាំ​គង់នៅ​យូរអង្វែង​បន្តទៅទៀត គឺជា​តួនាទី​និង​កាតព្វកិច្ច​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ក៏ប៉ុន្តែ​នៅក្នុង​នោះ ក៏​ត្រូវការ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​នៅក្នុង​ការងារ​ជាច្រើន​ផ្នែក​ដែរ​។

​លោក សេង ស៊ន់ និង​លោក ឡៃ ឡ​ន សំណូមពរ​ដល់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ទាំងឡាយ​សូមជួយ​ចូលរួម​ថែរក្សា អភិរក្ស​ប្រាសាទបុរាណ​របស់​ដូនតា​ខ្មែរ តាម​គ្រប់​រូបភាព ចៀសវាង​ការប្រើ​សកម្មភាព​ណាមួយ​មិន​សមរម្យ​ចំពោះ​ប្រាង្គ​ប្រាសាទ នាំឱ្យ​ខូចខាត​ដល់​ថ្ម​ប្រាសាទ និង​ធ្វើឱ្យ​បាត់បង់​តម្លៃ​របស់​សម្បត្តិ​បេតិកភណ្ឌ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នេះ​៕
​អត្ថបទ​៖ លោក យី សុថា​
​រូបភាព​៖ លោក ភោគ ជា​

Related posts